គេហទំព័រសុខភាព-អាហារ និងអភិវឌ្ឍន៍ ត្រូវបានបង្កើតឡើងដោយ PPM-Confirel Group

ម្សៅប្រហុកម៉ាក Kirum ធ្វើឱ្យកក្រើកបណ្តាញសារព័ត៌មាន

កាលបរិច្ឆេទ: ១២ សីហា ២០២៤ / ម្ហូបអាហារ / Author : ATH Sokren

អត្ថបទកាសែត និងវីដេអូបទយកការណ៍ស្តីពីម្សៅប្រហុកម៉ាក Kirum ដែល​ផលិតដោយក្រុមហ៊ុនខនហ្វីរេល ត្រូវបានចុះ និងចាក់ផ្សាយយ៉ាងព្រោងព្រាតតាមបណ្តាញសារព័ត៌មាននានា និងបណ្តាញសង្គមក្នុងប្រទេសកាលពីខែមុន។

ការចុះផ្សាយយ៉ាងគគ្រឹកគគ្រេងបែបនេះកើតឡើងក្រោយពីមានការរៀបចំព្រឹត្តិការណ៍ផ្សព្វផ្សាយពាណិជ្ជកម្មដែលមានឈ្មោះថា « Media Roadshow to CAPFish-Capture »ដែលរៀបចំឡើងដោយអង្គការសហប្រជាជាតិដើម្បីអភិវឌ្ឍន៍ឧស្សាហកម្ម(UNIDO) និងគម្រោងអភិវឌ្ឍន៍ជលផលក្រោយប្រមូលផលដែលឧបត្ថម្ភដោយអង្គការ UNIDO និងសហភាពអឺរ៉ុបដើម្បីអភិវឌ្ឍន៍វិស័យជលផលនៅកម្ពុជា និងរៀបចំឱ្យមានស្តង់ដារចំពោះផលិតផលនេសាទសម្រាប់នាំចេញទៅទីផ្សារអន្តរជាតិ។

ព្រឹត្តិការណ៍នេះបានជំរុញឱ្យអ្នកទទួលខុសត្រូវនៅអង្គការ UNIDO អ្នកទទួលខុសត្រូវគម្រោងអភិវឌ្ឍន៍ជលផលក្រោយប្រមូលផល ថ្នាក់ដឹកនាំមកពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងនាយកដ្ឋានរដ្ឋបាលជលផល និងថ្នាក់ដឹកនាំមកពីសហភាពអឺរ៉ុប ព្រមទាំងអ្នកសារព័ត៌មាន​ និងអ្នកដែលអាចជះឥទ្ធិពលទៅលើអ្នកប្រើប្រាស់(influenceurs) ប្រមាណជាង៣០នាក់ ចុះទៅទស្សនារោងចក្រផលិតរបស់ក្រុមហ៊ុននានាដែលពាក់ព័ន្ធនឹងគម្រោងនេះ និងដែលទទួលបានជំនួយផ្នែកហិរញ្ញវត្ថុ និងបច្ចេកទេសពីគម្រោង។

ដោយមូលហេតុនេះហើយទើបកាលពីថ្ងៃទី១៥ កក្កដាកន្លងទៅនេះ នៅសាលតាំងពិព័រណ៍ផលិតផលរបស់ក្រុមហ៊ុនខនហ្វីរេល មានកាមេរ៉ា និងអ្នកកាសែតយ៉ាងច្រើនកុះករចុះមកផ្តិតយករូបភាព និងភ្លក់មុខម្ហូបផ្សំគ្រឿងពីម្សៅប្រហុក ចម្អិនដោយមេចុងភៅចំណានមកពីសណ្ឋាគារ Penh House​ ។

នៅលើទំព័រកាសែតភ្នំពេញប៉ុស្តិ៍ លោកហុង រស្មី ដែលជាប់ចិត្តនឹងម្សៅប្រហុកខ្មែរ បានសរសេរយ៉ាងដូច្នេះ៖ «ជាផលិតផលខ្មែរថ្មី ម្សៅប្រហុកនឹងឈានជើងចូលទីផ្សារអឺរ៉ុបឆាប់ៗនេះហើយ។ ថ្មីៗនេះ ម្សៅប្រហុកត្រូវបានប្រើសម្រាប់ចម្អិនមុខម្ហូបប្រណីតៗដើម្បីលើកតម្លៃប្រហុកខ្មែរ និងមុខម្ហូបខ្មែរ។ មុខម្ហូបដែលរៀបចំរចនាយ៉ាងយកចិត្តទុកដាក់បំផុតសម្រាប់ឲ្យភ្ញៀវភ្លក់ បង្ហាញពីការច្របាច់បញ្ចូលគ្នារវាងបច្ចេកទេសធ្វើម្ហូបបែបលោកសេរី និងរសជាតិបែបអាស៊ីអាគ្នេយ៍។ ប្រហុកខ្មែរដែលមានកេរ្តិ៍ឈ្មោះល្បីរន្ទីដោយសាររសជាតិពិសេសតែមួយគ្មានពីរ ត្រូវបានប្រើធ្វើជាធាតុផ្សំយ៉ាងប៉ិនប្រសប់ក្រោមរូបរាងជាម្សៅប្រហុកនៅក្នុងមុខម្ហូបពិសេសប្រណីតៗទាំងនោះ ដើម្បីបង្ហាញថា ប្រហុកខ្មែរអាចកែច្នៃបានច្រើនបែបច្រើនយ៉ាង និងអាចប្រើក្នុងមុខម្ហូបផ្សេងៗទៀតក្រៅពីម្ហូបខ្មែរ។ នៅលើចាន ដុំឈីសបំពងធ្វើពីប្រហុកលម្អដោយអន្លក់ប្រភេទផ្កាចម្រុះពណ៌ បង្ហាញពីទេពកោសល្យ និងគំនិតច្នៃប្រឌិតខ្ពស់របស់ចុងភៅ។ មុខម្ហូបថ្មីនេះគឺបង្កើតឡើងដើម្បីឱ្យភ្ញៀវជនជាតិអឺរ៉ុបបានស្គាល់រសជាតិតែមួយគ្មានពីររបស់ប្រហុកខ្មែរ និងស្វែងយល់ពីម្ហូបខ្មែរ ពីវប្បធម៌ខ្មែរព្រមពេលជាមួយគ្នា»។ 

ដើម្បីឈានជើងចូលក្នុងទីផ្សារអន្តរជាតិ ក្នុងនោះមានទីផ្សារអឺរ៉ុប អ្នកផលិតត្រីប្រហុកខ្មែរនៅកម្ពុជាត្រូវប្រឈមនឹងបញ្ហាជាច្រើន។ ក្រៅពីបញ្ហាស្តង់ដារផ្នែកគុណភាព និងផ្នែកព័ត៌មានទាក់ទិននឹងផលិតផល (តាំងពីវត្ថុធាតុដើមរហូតដល់ផលិតផលសម្រេច)ហើយ ពួកគាត់ត្រូវប្រឈមនឹងការប្រកួតប្រជែងដ៏ខ្លាំងក្លាជាមួយប្រទេសជិតខាងដូចជាថៃ និងវៀតណាម ដែលប្រទេសទាំងពីរនោះបានឈរជើងក្នុងទីផ្សារអន្តរជាតិមុនខ្មែរទៅទៀតជាមួយនឹងផលិតផលរបស់ពួកគេដូចជាទឹកត្រីវៀតណាម និងទឹកត្រីថៃជាដើម។ «ប៉ុន្តែ ប្រហុកខ្មែរមានគុណសម្បត្តិឯកដែលអាចធ្វើឱ្យផលិតមួយនេះលេចធ្លោជាងគេ» នេះជាការប្រកាសរបស់លោកឧកញ៉ាឱសថបណ្ឌិតហៃ លីអ៊ាង អគ្គនាយកក្រុមហ៊ុនខនហ្វីរេល និងជាអ្នកបង្កើតម្សៅប្រហុក ក្រោមវត្តមានរបស់លោក Shetty Seetharama Thombathu ប្រធានទីប្រឹក្សាបច្ចេកទេសមកពីអង្គការ Unido លោកជំទាវ អ៊ឹម រចនា អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងលោក Bryan Fornari ប្រធានកិច្ចសហប្រតិបត្តិការនៃគណៈប្រតិភូសហភាពអឺរ៉ុបប្រចាំនៅកម្ពុជា។

លោកឧកញ៉ាឱសថបណ្ឌិតបានពន្យល់ថា គម្រោងបង្កើតម្សៅប្រហុកគឺដើម្បីប្រែក្លាយប្រហុកខ្មែរដែលជាគ្រឿងផ្សំសំខាន់សម្រាប់ម្ហូបប្រចាំថ្ងៃរបស់ខ្មែរ​ ឱ្យទៅជាផលិតផលប្រកបដោយគុណភាពខ្ពស់ និងអាចរក្សាទុកបានយ៉ាងងាយ។

ដោយសារមានសមត្ថភាពផ្នែកបច្ចេកទេសដែលទទួលស្គាល់ដោយវិញ្ញាបនបត្រអន្តរជាតិជាច្រើន ក្រុមហ៊ុនខនហ្វីរេលធានាឱ្យមានការអភិរក្សមុខម្ហូបខ្មែរតាំងពីបរមបុរាណមួយនេះ ដោយធ្វើការកែលម្អបន្ថែមផ្នែករូបរាង បង្កភាពស្រួលក្នុងការប្រើប្រាស់ បង្កើនអនាម័យ និងភាពច្នៃប្រឌិតច្រើនបែបច្រើនយ៉ាង។ ធ្វើដូច្នេះគឺអាចឲ្យប្រហុកប្រើបានទាំងក្នុងមុខម្ហូបខ្មែរផង និងមុខម្ហូបបរទេសផង។

លោកឧកញ៉ាក៏បានលើកឡើងផងដែរថា៖​ «ការបង្កើតឱ្យមានព័ត៌មានដែលគេរកបាននៅលើប្រព័ន្ធឌីជីថលទាក់ទិននឹងផលិតផលនៅក្នុងគម្រោងផលិតម្សៅប្រហុក គឺជាការធានាឱ្យមានតម្លាភាព និងការត្រួតពិនិត្យគុណភាពចាប់តាំងពីដំណាក់កាលផលិតកម្មរហូតដល់អ្នកប្រើប្រាស់ចុងក្រោយ។ ធ្វើដូច្នេះគឺអាចពង្រឹងភាពជឿជាក់ និងការធ្វើអាជីវកម្មប្រហុកខ្មែរនៅលើឆាកអន្តរជាតិ។ រសជាតិពិសេសតែមួយគ្មានពីររបស់ប្រហុកគួបផ្សំជាមួយនឹងរូបរាងជាប្រភេទម្សៅបានផ្តល់នូវអ្វីដែលថ្មី និងគួរឱ្យទាក់ទាញទៅដល់មេចុងភៅចំណានៗ ក៏ដូចជាអ្នកប្រើប្រាស់ជនជាតិអឺរ៉ុប»។ 

ប៉ុន្តែ សម្រាប់ក្រុមហ៊ុនខនហ្វីរេល ផលិតផលម្សៅប្រហុកមិនមែនត្រឹមតែសម្រាប់ផ្តល់ភាពងាយស្រួលក្នុងការប្រើប្រាស់ប៉ុណ្ណោះទេ តែជាការថែរក្សាអភិរក្សបេតិកភណ្ឌខ្មែរ សំខាន់ផងដែរ ដោយធ្វើយ៉ាងណាឱ្យផលិតផលមួយនេះមានភាពទាក់ទាញ និងអាចឱ្យអ្នកប្រើប្រាស់នៅលើឆាកអន្តរជាតិទទួលយកបាន។ ធ្វើបែបនេះគឺស្របទៅនឹងទស្សនវិស័យរបស់ក្រុមហ៊ុន៕